Wednesday, June 3, 2009

អំពូល​ភ្លើង​នៅ​តាម​ជញ្ជាំង​អង្គរវត្ត​នឹង​ត្រូវ​គេ​ដក​ចេញ​វិញ

ដោយ សាវយុត
2009-06-03

ក្រុម ​អ្នក​ជំនាញ​ខាង​ការងារ​រៀបចំ​ដាក់​អំពូល​ភ្លើង​បំភ្លឺ​ជញ្ជាំង​និង​កំពូល​ ប្រាសាទ​អង្គរ​វត្ត​បាន​ទទួល​ស្គាល់​ថា អំពូល​ភ្លើង​ដែល​គេ​ដាក់​នោះ​គឺ​ខុស​ប្រភេទ​ហើយ​គ្រាន់តែ​ជា​ការរៀបចំ​ សម្រាប់​សាកល្បង​ប៉ុណ្ណោះ ហើយ​គេ​នឹង​ដក​ចេញ​វិញ។

 

 

ក្រុម​ការងារ​ដែល​ដាក់​រាយ​អំពូល​ភ្លើង​អគ្គិសនី​នៅ​តាម​ជញ្ជាំង​និង​ បាញ់​បំភ្លឺ​កំពូល​ប្រាសាទ​អង្គរវត្ត​នា​ពេល​យប់​បាន​ឲ្យ​ដឹង​ថា ប្រភេទ​អំពូល​ភ្លើង​អគ្គិសនី​ដែល​ដាក់​ក្នុង​ប្រាសាទ​បំភ្លឺ​ផ្ទាំង​ចម្លាក់ ​និង​ភ្លើង​ហ្វា​ដែល​ត​ដោយ​បណ្តាញ​ថាមពល​ខ្សែ​ភ្លើង​រញេ​រញ៉ៃ​ធ្វើ​ឲ្យ​មាន​ ការរិះគន់​និង​ប្រតិកម្ម​ពី​មហាជន​នោះ​នឹង​ដក​ចេញ​វិញ​នៅ​ពេល​ខាង​មុខ​ ដោយសារ​តែ​ការដាក់​អំពូល​ភ្លើង​ទាំង​នោះ​គ្រាន់តែ​ជា​ការសិក្សា​ពិសោធន៍​ ប៉ុណ្ណោះ។

លោក Ahmed Bennis ដែល​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​តែង​អះអាង​ថា​ជា​អ្នក​ជំនាញ​ផ្នែក​ពន្លឺ​និង​ តាក់តែង​ភ្លើង​នៅ​តំបន់​អង្គរវត្ត បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​មួយ​ខណៈ​ដែល​មន្ត្រី​រដ្ឋាភិបាល​ ខ្មែរ​និង​អ្នក​ជំនាញ​អង្គការ​យូណេស្កូ​កំពុង​ជួប​ប្រជុំ​នៅ​ក្នុង​សណ្ឋាគារ ​សុខា​កាលពី​ព្រឹក​ថ្ងៃ​ទី​ពុធ ទី​៣ ខែ​មិថុនា ថា​ការដាក់​អំពូល​ភ្លើង​ហ្វា​បំភ្លឺ​រូប​ចម្លាក់​តាម​ជញ្ជាំង​និង​បាញ់​ បំភ្លឺ​កំពូល​ប្រាសាទ​អង្គរវត្ត​ពេល​យប់​ដោយ​ប្រើ​ខ្សែ​ភ្លើង​យក​ថាមពល​ អគ្គិសនី​មក​ប្រើប្រាស់​នោះ​គឺ​វា​បាន​ខុស​លំនាំ​រួច​ស្រេច​ទៅ​ហើយ ក៏​ប៉ុន្តែ​វា​មិន​មែន​ការរៀបចំ​ពិត​ប្រាកដ​ទេ វា​គ្រាន់តែ​ជា​ការរៀបចំ​បណ្តោះ​អាស​ន្ន​ដើម្បី​ពិសោធ​បង្ហាញ​ឲ្យ​ក្រុម​ អ្នក​ជំនាញ​មក​ពិនិត្យ​មើល​របៀប​បច្ចេកទេស​សម្រាប់​អនាគត​ប៉ុណ្ណោះ ហើយ​អំពូល​ពិត​ប្រាកដ​សម្រាប់​ដាក់​ក្នុង​ប្រាសាទ​ពេល​យប់​នោះ​នឹង​រៀបចំ​ ថ្មី​ដោយ​គុណភាព​យូរ​អង្វែង​ដោយ​មាន​តែ​ពន្លឺ​ដូច​ព្រះច័ន្ទ​មិន​មាន​កម្ដៅ​ និង​មិន​មាន​កាំរស្មី​ពណ៌​ស្វាយ​ចាំង​ភ្នែក​ទេ ព្រម​ទាំង​មិន​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​ដើរ​ដោយ​ម៉ាស៊ីន​ផង គឺ​ប្រើ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ដែល​រំពឹង​ថា​ពលរដ្ឋ​កម្ពុជា​នឹង​សប្បាយ​ ចិត្ត។

លោក Ahmed Bennis បាន​មាន​ប្រសាសន៍​តាម​រយៈ​អ្នក​បកប្រែ​ថា ៖ "អុបទិច... ដែល​ដាក់​វា​ប្រើប្រាស់​ប្រភព​ភ្លើង​ដែល​ប្រើ​ខ្សែ ដូច្នេះ​វា​ខុស​លំនាំ​រួច​ស្រេច​ទៅ​ហើយ គាត់​និយាយ​ថា... នឹង​រៀបចំ​ថ្មី"។

ទោះ​យ៉ាង​ណា លោក Bennis មិន​បាន​បញ្ជាក់​ទេ​ថា អំពូល​ដែល​កំពុង​ដាក់​បច្ចុប្បន្ន​នេះ​នឹង​ដក​ចេញ​ពេល​ណា​ច្បាស់លាស់​នៅ​ឡើយ​ទេ។

អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​ថ្លែង​បញ្ជាក់​ជា​ថ្មី​ថា ជុំវិញ​បញ្ហា​ដាក់​អំពូល​ភ្លើង​អគ្គិសនី​នៅ​អង្គរវត្ត​ដែល​មាន​ការចោទ​ ប្រកាន់​ថា​មាន​ការដាប់​ថ្ម​ប្រាសាទ​គឺ​ពុំ​ពិត​ទេ ដោយ​លោក​អះអាង​ថា ថ្មីៗ​នេះ​ក្រុម​ការងារ​ឯកទេស​នៃ​គណៈកម្មការ​សម្រប​សម្រួល​អន្តរជាតិ​បាន​ទៅ ​ពិនិត្យ​រួច​ហើយ​មិន​បាន​សម្ដែង​ការប្រឆាំង​ណា​មួយ​ទេ ចំណែក​ការដាក់​ស្នៀត​ឈើ​បញ្ចូល​ទៅ​ក្នុង​ប្រហោង​ថ្ម​ទៀត​សោត​ក៏​បាន​ដាក់​ កៅស៊ូ​ទ្រនាប់​មិន​ឲ្យ​ប៉ះពាល់​ដល់​ថ្ម​ប្រាសាទ​ដែរ។

ចំណែក​អ្នក​ជំនាញ​ស្ថាបត្យកម្ម​ខ្មែរ​មួយ​រូប​ដែល​មិន​បញ្ចេញ​ឈ្មោះ​នៅតែ ​សម្ដែង​ការព្រួយ​បារម្ភ​ចំពោះ​ការដាក់​ភ្លើង​បញ្ជាំង​រូប​ចម្លាក់​និង​ កំពូល​ប្រាសាទ​អង្គរ​ពេល​យប់​នោះ ដោយ​លោក​បញ្ជាក់​ថា តាម​ការសិក្សា​ថ្ម​ប្រាសាទ​បូរាណ​នេះ​នៅ​សល់​ភាព​រឹង​មាំ​តែ​ប្រមាណ​៣៥%​ ប៉ុណ្ណោះ ៖ «ប្រសិន​ជា​មាន​ការដាក់​ភ្លើង​កម្ដៅ​ខ្លាំង​ជះ​ទៅ​លើ​តួ​ប្រាសាទ អាយុ​កាល​វា​នឹង​កាន់តែ​បាត់បង់​ទៅៗ»

មន្ត្រី​យូណេស្កូ​អន្តរជាតិ​ប្រចាំ​កម្ពុជា លោក Teruo Jinnai មិន​បាន​ធ្វើការ​អធិប្បាយ​ជុំវិញ​បញ្ហា​នោះ​ទេ ដោយ​កាលពី​ល្ងាច​ថ្ងៃ​ទី​២ ខែ​មិថុនា លោក​បាន​មាន​ប្រសាសន៍​ថា បញ្ហា​នោះ​ជា​ការងារ​អ្នក​ជំនាញ​មួយ​ក្រុម​ដែល​គេ​បាន​ទៅ​ពិនិត្យ​រួច​ហើយ ប៉ុន្តែ​មិន​ទាន់​និយាយ​អំពី​បញ្ហា​នោះ​នៅ​ឡើយ​ទេ៕

0 comments:

Post a Comment