ដោយ កែវ និមល
2009-06-01
វិទ្យាស្ថាន ជាតិស្ថិតិចំណុះឲ្យក្រសួងផែនការនៃប្រទេសកម្ពុជាបានផ្សព្វផ្សាយ តួលេខសន្ទស្សន៍ទំនិញប្រើប្រាស់ប្រៀបធៀបមួយកាលពីចុងសប្តាហ៍ ឲ្យដឹងថា មានការធ្លាក់ចុះថ្លៃទំនិញប្រើប្រាស់ប្រមាណជិត ៤% ក្នុងខែមេសា ឆ្នាំ២០០៩ បើប្រៀបធៀបជាមួយខែមេសា ឆ្នាំ២០០៨។
តួលេខសន្ទស្សន៍ទំនិញនៃការធ្លាក់ចុះថ្លៃទំនិញប្រើប្រាស់មួយ ចំនួនជាក់ស្តែងនៅទីផ្សាររវាងឆ្នាំ២០០៩ និង២០០៨ បានបង្ហាញឲ្យដឹងថា តម្លៃអង្ករបានធ្លាក់ចុះ ១៨% សាច់ជ្រូកបានធ្លាក់ចុះថ្លៃចំនួន ១៧% ហើយប្រេងឥន្ធនៈបានធ្លាក់ចុះថ្លៃចំនួន ២៤%។
សូមជម្រាបថា តួលេខសន្ទស្សន៍ទំនិញប្រើប្រាស់ប្រៀបធៀប ដែលអក្សរកាត់ជាភាសាអង់គ្លេសហៅថា CPI បានត្រូវប្រើប្រាស់ដើម្បីវាស់កម្រិតអត្រាអតិផរណា ហើយគេបានរកឃើញថា អត្រាអតិផរណាមានការធ្លាក់ចុះ ០,៧% ប្រៀបធៀបរវាងខែមីនា ឆ្នាំ២០០៩ ជាមួយខែមីនា ឆ្នាំ២០០៨៕
0 comments:
Post a Comment