ដោយ សាវយុត
2009-06-01
ការ លក់សំបុត្រទៅឲ្យភ្ញៀវទេសចរចូលទស្សនាអង្គរវត្តនាពេលយប់ ដោយមានដាក់អំពូលភ្លើងអគ្គិសនីបំភ្លឺ ត្រូវបានផ្អាកមួយរយៈ ខណៈដែលមន្ត្រីអង្គការ UNESCO អន្តរជាតិ កំពុងមានវត្តមាននៅខេត្តសៀមរាប និងបានចូលទៅពិនិត្យបច្ចេកទេសនៃការដាក់ភ្លើងបំភ្លឺពេលយប់នៅ តំបន់អង្គរនោះ។
តាមបុគ្គលិកលក់សំបុត្រនៅមុខអង្គរវត្តរបស់ក្រុមហ៊ុន ស៊ូជីង មួយរូប ដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងកាលពីយប់ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ថា គេបានផ្អាកលក់សំបុត្រទៅឲ្យភ្ញៀវទេសចរចូលទស្សនាពេលយប់យ៉ាងហោច ណាស់មួយសប្តាហ៏ ដោយសារត្រូវការរៀបចំបច្ចេកទេសភ្លើងឲ្យល្អ។
បុគ្គលិកក្រុមហ៊ុនដដែល បានឲ្យដឹងទៀតថា កាលពីព្រលប់ថ្ងៃទី៣១ ខែឧសភា មានមន្ត្រីអង្គការ UNESCO ប្រមាណ ៤នាក់ បានចូលទៅពិនិត្យការដាក់ភ្លើងក្នុងប្រាសាទអង្គរវត្តពេលយប់នោះ ៖ «ផ្អាកដើម្បីខាងក្នុងរៀបចំភ្លើងដើម្បីសម្ដែងឲ្យខាងយូណេស្កូ គេមកពិនិត្យផ្ទាល់។ ខាងភ្លើងគេរៀបចំខាងក្នុងប្រាសាទហ្នឹង»។
ទោះយ៉ាងណា កាលពីថ្ងៃច័ន្ទ មិនអាចស្វែងរកជួបមន្ត្រី UNESCO ទាំងនោះ ដើម្បីសុំការអធិប្បាយអំពីបញ្ហានោះបាននៅឡើយទេ។ ចំណែកមន្ត្រីអាជ្ញាធរអប្សរានិងអ្នកជំនាញមួយចំនួនទៀត មិនអាចទំនាក់ទំនងបានទេដោយជាប់រវល់ប្រជុំ។
ប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរ លោក មឿង សុន ដែលបានទៅពិនិត្យការដាក់អំពូលភ្លើងបំភ្លឺតាមជញ្ជាំងប្រាសាទអង្គរ វត្តកាលពីព្រឹកថ្ងៃទី១ ខែមិថុនា បានសម្ដែងការមិនសប្បាយចិត្តដោយថា កម្លាំងថាមពលនៃអំពូលភ្លើងទាំងនោះវាមានកម្ដៅខ្លាំងដែលអាចធ្វើ ឲ្យគ្រោះថ្នាក់ដល់ថ្មប្រាសាទបូរាណ ដែលវាមិនគួរឲ្យមានយ៉ាងដូច្នេះទេ។
លោក មឿង សុន ថ្លែងយ៉ាងដូច្នេះ ៖ «ជាក់ស្ដែង គុណភាពភ្លើងអស់ហ្នឹងបានជះឥទ្ធិពលខ្លាំង គឺក្ដៅ។ យើងឃើញមានក្រដាសអាលុយមីញ៉ូមខ្លះ ដែលរុំអំពូលហ្នឹងឡើងក្រហម ឡើងខ្លោចដែរ ដូចយករុំត្រីអាំងអ៊ីចឹង។ ឃើញដែក ខ្ញុំបានថត ដែកហ្នឹងស្អាតពីមុន ហើយឥឡូវស្រាប់តែឃើញដែកហ្នឹងឡើងខ្មៅ ខ្លោច។ អវិជ្ជមាននៃភ្លើងក្ដៅរបៀបហ្នឹង នៅជិតថ្មមិនគួរឲ្យមានទេ។ សោភ័ណភាពទៀត ដាក់អំពូលនៅជិតអង្គរវត្តអ៊ីចឹងសុទ្ធតែធុង ហើយយកស័ង្កសីយកមកអបអំពូលអ៊ីចឹង ខ្ញុំយល់ថា យើងខ្មាសគេបន្តិច ធ្វើឲ្យធ្លាក់នូវតម្លៃជាអច្ឆរិយវត្ថុទី៧ របស់អង្គរវត្ត»។
អ្នកមគ្គុទ្ទេសក៍ទេសចរមួយចំនួនក៏បានសម្ដែងការមិនសប្បាយចិត្ត នឹងការដាក់ភ្លើងអគ្គិសនីបញ្ចាំងថ្មប្រាសាទពេលយប់នោះដែរ ដោយពួកគេនិយាយថា ភ្ញៀវទេសចរបរទេសដែលខំចំណាយប្រាក់រាប់ពាន់ដុល្លារអាមេរិកក្នុង ម្នាក់ៗមកមើលបេតិកភណ្ឌដ៏អស្ចារ្យរបស់ពិភពលោកនេះ គឺគេចង់មើលអង្គរបុរាណនានាដែលនៅពេលថ្ងៃពោរពេញដោយសម្រស់ ធម្មជាតិព័ទ្ធជុំវិញប៉ុណ្ណោះ ៖ «ក្នុងចំណោម ១០០នាក់ មានមួយដែរដែលគេចាប់អារម្មណ៍នៅពេលយប់ ប៉ុន្តែភាគច្រើនគេអត់ចាប់អារម្មណ៍ពេលយប់ទេ»។
អ្នកជំនាញផ្នែកស្ថាបត្យកម្មខ្មែរមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ បានពន្យល់ថា ការដាក់អំពូលភ្លើងនៅតាមជញ្ជាំងប្រាសាទអង្គរវត្តពេលយប់នោះ បើអំពូលមានថាមពលខ្លាំង វាមានកម្តៅដែលអាចធ្វើឲ្យផ្ទាំងថ្មដែលមានជាតិសើមអាចប្រេះ ឬផុយនាពេលខាងមុខបាន៕
0 comments:
Post a Comment