Thursday, May 28, 2009

រដ្ឋាភិបាល​ច្រានចោល​ព័ត៌មាន​អំពី​ការដាប់​ថ្ម​អង្គរ​ដើម្បី​ដាក់​អំពូល

ដោយ សាវយុត
2009-05-28

មន្ត្រី ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាន់​ជំហរ​ជា​ថ្មី​ម្តង​ទៀត​ច្រាន​ចោល​ព័ត៌មាន​ ដែល​និយាយ​ថា មាន​ការដាប់​ថ្ម​ថែវ​ប្រាសាទ​អង្គរវត្ត​ដើម្បី​ដាក់​អំពូល​ភ្លើង​ហ្វា​ អគ្គិសនី​បំភ្លឺ​រូប​ចម្លាក់​នា​ពេល​យប់​នោះ​គឺ​ជា​ការអះអាង​មួយ​គ្មាន​ការ​ ពិត​ទេ។

 

   លោក ង៉ោ ហុងលី គណៈប្រតិភូ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ទទួល​បន្ទុក​អាជ្ញាធរ​អប្សរា​បាន​ ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ដែល​នៅតែ​បន្ត​តាមដាន​បញ្ហា​នេះ​កាលពី​ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែ​ឧសភា នៅ​ក្នុង​ប្រាសាទ​អង្គរវត្ត​ថា មិន​មាន​ការដាប់​ថ្ម​ជញ្ជាំង​ប្រាសាទ​អង្គរវត្ត​នៅ​ត្រង់​ឆាក​រាមកេរ្តិ៍​ នោះ​ដើម្បី​វាយ​ឈើ​បញ្ចូល​ចាប់​ជើង​អំពូល​ហ្វា​ទេ ហើយ​ក៏​មិន​មាន​ប្រើប្រាស់​ស៊ីម៉ង់ត៍​ដើម្បី​បិទ​ផ្ជិត​រន្ធ​ថ្ម​ប្រាសាទ​ណា ​មួយ​ទេ។

លោក ង៉ោ ហុងលី បាន​ឲ្យ​ដឹង​ថា ៖ «អត់​មាន​ធ្វើ​រន្ធ​ថែម​ទេ ហើយ​ក៏​អត់​មាន​បិទ​ស៊ីម៉ង់ត៍​ដែរ។ ទៅ​សួរ​មគ្គុទ្ទេសក៍ យក​សម្ដី​មគ្គុទេ្ទសក៍ សំខាន់​ជាង​សម្ដី​អ្នក​ដែល​ទទួល​ខុស​ត្រូវ។ អ្នក​មគ្គុទ្ទេសក៍​ចេះតែ​ថា​ហើយ​ដើរ​ទៅ​បាត់ ចចាម​អារ៉ាម​ក៏​ចេះតែ​ថា​ដែរ»

អ្នកស្រី ម៉ៅ ល្អ ប្រធាន​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បូរាណ​វិទ្យា​ បង្ការ​បាន​ថ្លែង​ដោយ​បង្ហាញ​ជា​ផ្ទាំង​រូបថត​ថា យោង​តាម​ឯកសារ​របស់​សាលា​បារាំង​ចុង​បូព៌ា​បាន​ឲ្យ​ដឹង​ថា ប្រហោង​ថ្ម​ជា​ច្រើន​នៅ​អង្គរវត្ត​ត្រូវ​បាន​គេ​ដាប់​កាលពី​អំឡុង​ឆ្នាំ​ ១៩៤៧​-​១៩៤៨ នៅ​ពេល​ដែល​មាន​ការចាប់ផ្តើម​ជួសជុល​អង្គរ​និង​សម្ភារៈ​ជាង​មិន​សូវ​ទំនើប ដែល​ការដាប់​ប្រហោង​នោះ​សម្រាប់​ដាក់​ឈើ​រន្ទា​សម្រាប់​ជាន់​ធ្វើការ។

អ្នកស្រី ម៉ៅ ល្អ បាន​មាន​ប្រសាសន៍​ថា ៖ «ជំនាន់​នៅ​ឆ្នាំ​១៩៤៧​ហ្នឹង ការជួសជុល​ប្រាសាទ សម្ភារៈ​ដែល​គេ​ប្រើប្រាស់​ហ្នឹង​មិន​ទាន់​មាន​ការរីក​ចម្រើន។ ដូច្នេះ​នៅ​ក្នុង​រូបភាព​ហ្នឹង​យើង​ឃើញ​ហើយ គឺ​យើង​ប្រើ​កំណាត់​ឈើ»

មន្ត្រី​ដដែល​បាន​អះអាង​ថា ប្រហោង​ដាប់​ថ្ម​ចាប់​ពី​ជំនាន់​នោះ​បាន​បន្សល់​ទុក​មក​ដល់​បច្ចុប្បន្ន​ ប្រមាណ​២០០០​នៅ​តាម​ប្រាសាទ​អង្គរវត្ត​ដោយ​ពុំ​មាន​ការដាប់​ថ្មីៗ​ទេ។ ការព្យាយាម​ថ្លែង​អះអាង​របស់​មន្ត្រី​រដ្ឋាភិបាល​នេះ​ធ្វើ​ឡើង​ជំទាស់​ទៅ​ នឹង​ក្រុម​មគ្គុទ្ទេសក៍​អង្គរ​ខ្លះ​ដែល​នៅតែ​ជឿ​ថា ពិត​ជា​មាន​ការដាប់​ថ្ម​ប្រាសាទ​ដើម្បី​ដាក់​ស្នៀត​ឈើ​ត​បណ្តាញ​ភ្លើង​ អគ្គិសនី​នោះ។

ប្រធាន​អង្គការ​មូលនិធិ​ទ្រទ្រង់​អរិយធម៌​ខ្មែរ លោក មឿង សុន ដែល​បាន​មក​ពិនិត្យ​ផ្ទាល់​ភ្នែក​បាន​ទទួល​ស្គាល់​ថា ពុំ​មាន​ការដាប់​ថ្ម​ប្រាសាទ​ដើម្បី​ត​បណ្តាញ​ភ្លើង​ហ្វា​អគ្គិសនី​នោះ​ទេ ប៉ុន្តែ​លោក​នៅតែ​រិះគន់​ការត​បណ្តាញ​ភ្លើង​នោះ​មាន​ការដាក់​រាយ​ខ្សែ​ភ្លើង ​គ្មាន​សណ្តាប់ធ្នាប់​និង​សម្ភារៈ​ដែល​គ្មាន​គុណភាព​ត្រូវ​បាន​គេ​យក​មក​ ដាក់​លើ​អច្ឆរិយវត្ថុ​ដ៏​មាន​តម្លៃ​នោះ ហើយ​លោក​ក៏​មិន​ទាន់​ប្រាកដ​ទេ​ថា តើ​អំពូល​ភ្លើង​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រាសាទ​បូរាណ​ឬ​យ៉ាង​ ណា?

លោក មឿង សុន បាន​បញ្ជាក់​ថា ៖ «ខ្ញុំ​ឡើង​ទៅ​វាស់​អំពូល​ដែល​គេ​បើក​ ពន្លឺ​មក​ហើយ​វា​មាន​កម្ដៅ តែ​ខ្ញុំ​មិន​អាច​ឲ្យ​ជា​បច្ចេកទេស​បាន​ទេ គឺ​ខ្ញុំ​ទុក​ឲ្យ​អង្គការ​យូណេស្កូ​ដែល​លោក​មាន​អ្នក​បច្ចេកទេស​ចុះ»

សូម​រំឭក​ថា ប្រតិកម្ម​ពី​ក្រុម​មគ្គុទ្ទេសក៏​និង​អ្នក​ទេសចរណ៍​បរទេស​មួយចំនួន​បាន​ ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា​កន្លង​មក ខណៈ​ដែល​គេ​បាន​ប្រទះ​ឃើញ​មាន​អំពូល​ភ្លើង​ហ្វា​ជា​ច្រើន​ត្រូវ​បាន​គេ​មូល​ ភ្ជាប់​កំណាត់​ឈើ​ដាក់​ក្នុង​ប្រហោង​ជញ្ជាំង​ថ្ម​ប្រាសាទ​អង្គរវត្ត​នៅ​ប៉ែក ​ខាង​លិច​ឆៀង​ខាង​ជើង​ដោយ​គេ​ជឿ​ថា​មាន​ការដាប់​ថ្ម​ប្រាសាទ​ដើម្បី​វាយ​ កំណាត់​ឈើ​បញ្ចូល​ក្នុង​នោះ៕

0 comments:

Post a Comment